ត្រឹមតែរយៈពេលមួយសប្ដាហ៍ប៉ុណ្ណោះ JX II ទទួលបានអ្នកចុះឈ្មោះប្រកួតជាង ៣០ ក្រុមហើយ ខណៈពេលដែលការចុះឈ្មោះនៅសល់ ១៣ ថ្ងៃទៀត។ តើការប្រកួត CNC នៅរាជធានីភ្នំពេញនេះ ធ្វើនៅកន្លែងណា ? ដើម្បីចុះឈ្មោះបាន តើប្រិយមិត្តត្រូវធ្វើអ្វីខ្លះ ?
ការប្រកួត CNC រាជធានីភ្នំពេញ នឹងធ្វើឡើងនៅថ្ងៃទី២៥ និង ២៦ ខែសីហា ខាងមុខនេះ ដោយចាប់យកទីក្រុងកោះពេជ្រ ជាសមរភូមិប្រយុទ្ធបច្ចេកវិទ្យាអនឡាញរវាងអ្នកក្លាហានជាច្រើនក្រុមដែលនិយមបច្ចេកវិទ្យានេះ។ អ្វីដែលពិសេសជាងនេះទៅទៀតនោះ រថយន្ត Ford Fiesta របស់សេវាកម្សាន្ត ម៉ុងហ្គោល នឹងស្វែងរកម្ចាស់របស់ខ្លួននៅក្នុងថ្ងៃនោះផងដែរ។ ម៉ុងហ្គោល នឹងធ្វើការចាប់រង្វាន់ធំ តាមរយៈការបង្ហាញកាតនាំសំណាងទាំង ១២ ដែលប្រិយមិត្តអាចរកបាននៅតាមក្រុមហ៊ុនផ្សេងៗដែលសហការជាមួយ Sabay។
បកមករកការប្រកួតវិញ តើធ្វើម្ដេចទើបអាចចុះឈ្មោះបាន ? ទាំង JX និង AK ដើម្បីចុះឈ្មោះបាន គឺតម្រូវឲ្យមានគ្នាមួយក្រុម ៥ នាក់ ដែលមានម្នាក់ជាអ្នកដឹកនាំក្រុម។ អ្នកដឹកនាំក្រុមត្រូវចំណាយអស់ 200 Sabay Coins ដើម្បីធ្វើការចុះឈ្មោះប្រកួត ។ បន្ទាប់មកទៀតអ្នកដឹកនាំក្រុមត្រូវ Send Request ទៅសមាជិករបស់ខ្លួនទាំង ៤ នាក់ដើម្បីបង្កើតជាក្រុមមួយក្នុង System របស់ AK Online និង JX II។ ដើម្បីឲ្យការចុះឈ្មោះប្រកបដោយភាពជោគជ័យនោះ សមាជិកទាំង ៤ ត្រូវ Confirm ពី Request របស់មេក្រុមដែលបានផ្ញើកាលពីលើកដំបូង។
CNC 2012 ជាការប្រកួតស្វែងរកក្រុមជើងខ្លាំងប្រចាំប្រទេស ដែលរៀបចំឡើងដោយ AK Online និង JX II ។ JX II និង AK Online បានសម្រេចចិត្តយកទីតាំង ៣ តំបន់ក្នុងការប្រកួតជម្រុះមានដូចជា រាជធានីភ្នំពេញ ខេត្តសៀមរាប និង បាត់ដំបង។ សម្រាប់ AK Online ក្រុមដែលជាប់ចំណាត់ថ្នាក់ លេខ ១ និង លេខ ២ AK Online នឹងផ្ដល់ជូនសំបុត្រ និងកៅអីម្នាក់មួយកន្លែងទៅប្រកួតលើឆាកអន្តរជាតិបន្តទៀត ដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងប្រទេសដ៏ទៃទៀតជុំវិញពិភពលោក។
តើក្រុមណាខ្លះនឹងគ្រងតំណែងជាជើងឯកប្រចាំប្រទេស JX II ?