បញ្ហា​ក្ដៅ​គគុក​មួយ​ដែល​កំពុង​តែ​កើត​ឡើង​ស្ទើរ​តែ​រៀង​រាល់​ថ្ងៃ គឺ​ការ​បន្លំ ឬ​ក៏​លួច​យក​តួអង្គ (Hero) ​ទៅ​វិញ​ទៅ​មក​រវាង​អ្នក​កម្សាន្ត និង​អ្នក​កម្សាន្ត​គ្នា​ឯង ក្នុង​សេវា​កម្សាន្ត​អនឡាញ​ដូច​ជា​ JX II , AK Online និង Avatar ជា​ដើម។ ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​អស់​នេះ Sabay ធ្វើ​ការ​បង្ហាញ​ពី​វិធី​ការពារ​ពី​ការ​បន្លំ​យក​ Account និង Hero មួយ​ចំនួន ដល់​អ្នក​កម្សាន្ត​ទាំង​អស់ ដើម្បី​ការពារ Hero ឬ​ក៏​ Account របស់​ខ្លួន ។ តើ​វីធី​ទាំង​នោះ​មាន​អ្វី​ខ្លះ​ទៅ ?

វិធី​ទី ១ នៅ​ពេល​ដែល​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា​ចង់​ដោះដូរ​ Account និងItem ផ្សេងៗ​ ក្នុង​សេវា​កម្សាន្ត​ណាមួយ​ ពី​អ្នក​កម្សាន្ត​ណា​ម្នាក់​ដែល​ខ្លួន​មិន​ធ្លាប់​ស្គាល់ សូម​ធ្វើ​ការ​តាម​ដាន​ Account របស់​អ្នក​ដែល​យើង​ចង់​ដោះដូរ​ Item នោះ​ឲ្យ​បាន​ច្បាស់ ដោយ​ធ្វើ​ការ​សាក​សួរ​ពី​ព័ត៌មាន​ Account នោះ​តាម​រយៈ​ក្រុម​ការងារ Sabay ថា​តើ Account ដែល​យើង​ចង់​ដោះដូរ​នោះ ធ្លាប់​ Lock Account ម្ដង​ហើយ​ឬ​នៅ ?

ចំណែក​ឯ​វិធី​ទី ២ វិញ ជៀសវាង​ប្រគល់​ Account ព្រម​ទាំង​លេខ​សំងាត់​ Account របស់​ខ្លួន​ឲ្យ​ទៅ​​អ្នក​កម្សាន្ត​ខិលខូច​មួយ​ចំនួន​ ដែល​បាន​​ប្រកាស​ក្នុង​សេវា​កម្សាន្ត​ថា​ ពួក​គេ​អាច​ធ្វើ​ការ​ Copy Gold និង item ក្នុង​សេវា​កម្សាន្ត JX ឬ​ក៏ Avatar និង​ធ្វើ​កាំ​ភ្លើង AK Forever​ ក្នុង​សេវា​កម្សាន្ត AK Online​ ប៉ុន្តែ​តម្រូវ​ឲ្យ​អ្នក​កម្សាន្ត​ប្រគល់​ឈ្មោះ​ Account និង​លេខ​សំងាត់​ទៅ​ឲ្យ​ពួក​គេ ដើម្បី​ Copy Item ផ្សេងៗ។ អ្វី​ទាំង​អស់​នេះ ជា​ការ​បោក​ប្រាស់​របស់​អ្នក​ខិល​ខូច​នោះ​ទេ​ ។ វិធី​ទី ៣ សម្រាប់​សេវា​កម្សាន្ត​ Avatar ដើម្បី​ជៀស​វាង​បញ្ហា​ទាំង​នេះ សូម​អ្នក​កម្សាន្ត​ធ្វើ​ការ​ Link Service ជាមួយ Sabay Account ។ ចំពោះ​លេខ​សំងាត់​ ដែល​ត្រូវ​ប្រើ​ក្នុង​សេវា​កម្សាន្ត​ផ្សេងៗ​ និង​លេខ​សំងាត់​ប្រើ​សម្រាប់​ផ្ទេរ​ Sabay Coin សូម​ឲ្យ​អ្នក​កម្សាន្ត​ទាំង​អស់​ដាក់​លេខ​សំងាត់​ឲ្យ​ខុស​ៗ​គ្នា ជៀសវាង​ការ​ដាក់​លេខ​សំងាត់​ដូច​គ្នា​ទាំង​អស់។

ងាក​មក​រក​វិធី​ទី ៤ វិញ គឺ​សំដៅ​ទៅ​លើ​ការ​ដាក់​លេខ​សំងាត់​ផ្សេងៗ​ ការ​ដាក់​លេខ​សំងាត់​ អ្នក​កម្សាន្ត​គួរតែ​ជៀសវាង​ការ​លេខ​សំងាត់​ដែល​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ផ្ទាល់​ខ្លួន​ដូច​ជា ៖ ការ​​ដាក់លេខ​សំងាត់​​ដូច​លេខ​ទូរស័ព្ទ​ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​ឈ្មោះ​របស់​ខ្លួន ឬ​ក៏​ឈ្មោះ​អ្នក​ជា​ទី​ស្រលាញ់​របស់​ខ្លួន។ ប្រការ​ទាំង​នេះ ការពារ​ពី​មនុស្ស​ដែល​នៅ​ក្បែរ​ខ្លួន​យើង ដែល​ដឹង​ព័ត៌មាន​អំពី​ខ្លួន​យើង​ធ្វើ​ការ​រាវ​យក​លេខ​សំងាត់​របស់​យើង ដើម្បី​យក​ Account​ របស់​យើង​ទៅ​ប្រើប្រាស់។

បញ្ហា​បាត់​តួអង្គ ( Hero ) និង Account ​នេះ គឺ​កើត​ឡើង​មក​​ពី​អ្នក​កម្សាន្ត​​​ប្រាប់​​លេខ​សំងាត់​​នៃ Account របស់​ខ្លួន​ទៅ​អ្នក​ដ៏​ទៃ ។ បក​ស្រាយ​លើ​បញ្ហា​នេះ ក្រុម​ការងារ​សេវា​កម្សាន្ត​របស់​ Sabay ទាំង​អស់​ មិន​ទទួល​ខុស​ត្រូវ​ចំពោះ​អ្នក​កម្សាន្ត​ណា​ដែល​បាត់​ Account ឬ​ក៏​បាត់ Hero របស់​ខ្លួន​នោះ​ទេ ក្នុង​ករណី​ដែល​អ្នក​កម្សាន្ត​ធ្វើ​ការ​ប្រគល់​លេខ​សំងាត់​ និង Account របស់​ខ្លួន​ទៅ​ឲ្យ​អ្នក​ដ៏​ទៃ​ទៀត ដើម្បី​ធ្វើ​ការ​ដោះ​ដូរ​ និង​ឲ្យ​គេ​ប្រើប្រាស់ Hack Tool​ ក្នុង​បំណង​ទទួល​បាន​ Item ផ្សេងៗ។ ​បន្ថែម​ពី​នេះ AK Online មិន​មាន​ការ​ដាក់​លក់​កាំ​ភ្លើង AK Forever នោះ​ទេ ដូច្នេះ​សូម​អ្នក​កម្សាន្ត​ទាំង​អស់​កុំ​ជឿ​លើ​ជន​ខិលខូច​មួយ​ក្តាប់​តូច​នោះ​ឲ្យ​សោះ៕