និស្ស័យស្នេហ៍ដាវទេព ត្រូវបានបង្កើតឡើងតាមរឿងព្រេងបុរាណមួយ ដែលបានកើតឡើងអស់រយៈពេលជាច្រើនឆ្នាំមកហើយនៅក្នុងប្រទេសចិន ។ សាច់រឿងនេះប្រមូលផ្ដុំទៅដោយវីរៈជនក្បាច់គុនជាច្រើន ដែលតែងតែធ្វើការប្រយុទ្ធគ្នាដើម្បីក្លាយខ្លួនជាអ្នកគុននិយមលេខ ១ ក្នុងពិភពគុន។ ការប្រយុទ្ធទាំងនោះគឺស្ដែងចេញតាមក្បាច់គុននៃបក្សទាំង ៧ ដើម្បីដណ្ដើមយក Kingdom Territory Map។ តើមូលហេតុអ្វីបានជាតួអង្គចង់បាន kingdom Territory Map នេះ ?
តាមដំណើររឿងបាននិយាយថា កាលដើមឡើយព្រះ ផាន់ហ្គូ (Pan Gu) បានបែងចែកពិភពលោកជាឋានទេវតា និងឋានមនុស្ស។ តែទោះជាមានការបែងចែកឋានមនុស្ស និងទេវតាយ៉ាងណាក៏ដោយ ក៏មានសត្វចម្លែកមួយចំនួន តែងតែចេញមកអុកឡុកឋានមនុស្សស្ទើរតែរាល់ថ្ងៃ។ ដោយយល់ឃើញដូចនេះ មានព្រះមួយអង្គទៀតមានឈ្មោះថា ដា យូ ( Da Yu ) បានបង្កើតវត្ថុស័ក្ដិសិទ្ធិ ៩ យ៉ាង ដើម្បីការពារឋានមនុស្សលោក។
បន្ទាប់ពីវត្ថុស័ក្ដិសិទ្ធិបានបង្កើតរួចហើយនោះ រាជវង្ស សាង ចូវ (Shang Zhou) ក៏បានលេចមុខឡើងផងដែរ។ ភាពចលាចលក្នុងពិភពមនុស្សនៅតែកើតមានដដែល នៅពេលដែលរាជវង្ស សាង ចូវ (Shang Zhou) ចាប់ផ្ដើមបង្កើតកាក់សម្រាប់ចាយ ហើយកាក់ទាំងនេះ បានធ្វើឲ្យមនុស្សចាប់ផ្ដើមមានចិត្តច្រណែនគ្នា ដែលជាហេតុធ្វើឲ្យមានការបែកបាក់គ្នានៅក្នុងប្រទេសចិន។
អស់រយៈពេល ៦ សតវត្សក្រោយមក អធិរាជឈីង (Qin) បានប្រមូលថ្លើមថ្មដែលមានអានុភាពជាច្រើន ដែលជាហេតុធ្វើឲ្យអធិរាជឈីង ( Qin ) ក្លាយជាអ្នកកាន់កាប់ទឹកដីនៅសម័យនោះ។ មិនយូរប៉ុន្មានដំណឹងនេះបានធ្វើឲ្យរាជវង្សថាង (Tang) បះបោរ និងច្បាំងយកអំណាចបានសម្រេចពីរាជវង្សឈីង (Qin) ហើយថ្លើមថ្មក៏ត្រូវបានបំផ្លាញផងដែរ។
រាជវង្សថាង កាន់កាប់ទឹកដីមិនបានយូរប៉ុន្មានផង ស្រាប់តែប្រទេសលាវ ( Liao ) ចាប់ផ្ដើមឈ្លានពានទឹកដី រហូតច្បាំងដណ្ដើមយកបានខេត្តជាច្រើននៅប្រទេសចិន ហើយប្រជារាស្ត្ររាប់ពាន់នាក់ ត្រូវបានគេសម្លាប់ស្លាប់នៅក្នុងសង្គ្រាមនោះ។ ក្នុងពេលនេះ ឆៃ យ៉ុង អ្នកគ្រប់គ្រងរបស់រាជវង្ស ក៏កើតមានសេចក្ដីអាណិតដល់ប្រជារាស្ត្រយ៉ាងខ្លាំង រហូតដល់ថ្នាក់លះបង់ជីវិតរបស់ខ្លួន ដើម្បីធ្វើការបន់ស្រន់ប្រទេសជាតិឲ្យមានសន្តិភាពឡើងវិញ។ ការបន់ស្រន់នេះ បានធ្វើឲ្យព្រះប្រទានផែនទីនៃអាណាចក្រដែនដី ( Kingdom Territory Map ) ដល់ទៅ ឆៃ យ៉ុង (Cai Yong)។
ឆៃ យ៉ុង បានពួតដៃគ្នាជាមួយ ចាវ គួងអ៊ី ( Zhao Kuang Yi ) ដោយធ្វើតាមការណែនាំនៃ Kingdom Territory Map បានធ្វើឲ្យអ្នកទាំងពីរបង្រួបបង្រួមទឹកដីភាគខាងជើងបានយ៉ាងលឿន។ ដោយសារការខិតខំបង្រួបបង្រួមជាតិបានធ្វើឲ្យ ឆៃ យ៉ុង ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ប៉ុន្តែមុនពេលស្លាប់គាត់បានប្រាប់អាថ៌កំបាំងទាំងអស់ក្នុង Kingdom Territory Map ទៅដល់ ចាវ គួងអ៊ី ។ ចាវ គួងអ៊ី បានបែកគំនិតក្បត់ ក៏ចាប់ផ្ដើមបះបោរដោយប្រមូលអ្នកមានអំណាចជាច្រើន ដើម្បីបង្កើតជារាជវង្ស សុង (Song) មួយដោយខ្លួនឯង។
អំពើក្បត់របស់ចាវ គួងអ៊ី បានធ្វើឲ្យប្រជារាស្រ្ដ និងទេវតាខឹងសម្បារយ៉ាងខ្លាំង រហូតដល់ធ្វើឲ្យផែនទីនោះ (Kingdom Territory Map ) បានបែកខ្ញែកជាបំណែកតូចៗរសាត់តាមខ្យល់ ខណៈដែល ចាវ គួងអ៊ី កំពុងតែកាន់កាប់អំណាច។ បន្ទាប់ពីវត្ថុស័ក្ដិសិទ្ធិនេះ បានរសាត់ទៅចាវ គួងអ៊ី រិតតែបែកគំនិតអាក្រក់បន្តទៀត ដោយធ្វើការវាយយកអំណាចពីបក្សផ្សេងៗដែលធ្លាប់បានរួបរួមគ្នាកន្លងមក ដើម្បីការពារអំណាចរបស់ខ្លួន ។ ពេលនោះហើយ ការកាប់សម្លាប់គ្នាបានកើតឡើងស្ទើរពាសពេញផ្ទៃប្រទេស ឈាមដាបស្ទើរគ្រប់ទីកន្លែង ប្រជានុរាស្ត្រ និងកងទ័ពជាច្រើនស្លាប់ពាសពេញទីវាលសមរភូមិ។
ទន្ទឹមនឹងភាពចលាចលនេះ ចាវ គួងអ៊ី ក៏បានចាត់មនុស្សជាច្រើនព្យាយាមស្វែងរកបំណែកផែនទីនោះផងដែរ ហើយទៅបំផុតបំណែកនៃផែនទីនោះមិនទាន់រកឃើញផង ស្រាប់តែចាវ គួងអ៊ី ចូលទីវង្គត ហើយប្អូនប្រុសរបស់គាត់ក៏បានឡើងកាន់តំណែងបន្ត។ ស្របពេលនឹងពាក្យចចាមអារ៉ាមនេះ មានអ្នកគុននិយម និងអ្នកកាន់អំណាចជាច្រើនព្យាយាមស្វែងរកបំណែកផែនទីនោះ ។
ចង់ក្លាយជាវីរៈបុរសក្នុង JX II ដើម្បីអាចដើរតួជាអ្នកគុននិយមដ៏ក្លាហាននៅក្នុងខ្សែររឿងខាងលើនេះដែរឬទេ ? អញ្ចឹងតោះ ចុះឈ្មោះចូលកម្សាន្តឥឡូវនេះ !