អ្វីដែលប្រិយមិត្តអ្នកកម្សាន្តនិស្ស័យស្នេហ៍ដាវទេព JX បានទន្ទឹងរង់ចាំអស់រយៈពេលយ៉ាងយូររហូតដល់រយៈពេលជិត ៧ ឆ្នាំ ទីបំផុតបានចាប់ផ្ដើមលេចដំណឹងជាផ្លូវការហើយថា បក្សឃុនលុន នឹងបង្ហាញវត្តមានក្នុងសេវាកម្សាន្តមួយនេះក្នុងពេលដ៏ខ្លីខាងមុខនេះ។
យោងទៅតាមក្រុមការងាររបស់សេវាកម្សាន្តនិស្ស័យស្នេហ៍ដាវទេព បានបង្ហើបឲ្យដឹងថា ការដាក់បញ្ចូលបន្ថែមបក្សឃុនលុនទៅក្នុងសេវាកម្សាន្ត JX នេះ គឺធ្វើឡើងតាមតម្រូវការរបស់ប្រិយមិត្តអ្នកកម្សាន្តដែលតែងតែធ្វើការសំណូមពរឲ្យបង្កើតបក្សឃុនលុន ក៏ដូចជាដើម្បីផ្ដល់នូវអ្វីថ្មី ហើយប្លែកជូនដល់ប្រិយមិត្តឲ្យកាន់តែទទួលបានភាពសប្បាយរីករាយថែមមួយកម្រិតទៀតផងដែរ។
ចំពោះកាលបរិច្ឆេទពិតប្រាកដ ដែលបក្សឃុនលុននឹងបង្ហាញខ្លួននៅក្នុងសេវាកម្សាន្ត JX វិញ ក្រុមការងារ JX មិនបានប្រាប់ច្បាស់នៅឡើយទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា បក្សឃុនលុននឹងលេចវត្តមានក្នុងសេវាកម្សាន្ត JX ក្នុងខែនេះហើយ។
នេះគឺជាឱកាសថ្មីមួយទៀតសម្រាប់អ្នកកម្សាន្តគ្រប់រូបទាំងជើងចាស់ និងអ្នកកម្សាន្តថ្មី ក្នុងការហ្វឹកហាត់រៀនយុទ្ធសិល្បរបស់ឃុនលុនដំបូងគេ រួចបង្ហាញយុទ្ធសិល្បប្រយុទ្ធដ៏អស្ចារ្យទាំងនោះនៅក្នុងសមរភូមិប្រយុទ្ធផ្សេងៗ ដើម្បីទទួលបានភាពល្បីល្បាញ រហូតអាចក្លាយជាមេបក្សឃុនលុនក៏ថាបានដែរ។
សេវាកម្សាន្ត JX II គឺជាសេវាកម្សាន្តបែប MMORPG (Massive Multiplayers Online Role Playing Game) ដែលតម្រូវឲ្យតួអង្គប្រយុទ្ធធ្វើដំណើរត្រាច់ចរផ្សងព្រេងអនឡាញតាមបែបបុរាណចិន ដែលប្រជុំទៅដោយបក្សល្បីៗរួមមានបក្សអ៊ូតាំង បក្សសៅលីង និងបក្សអឺម៉ីជាដើម ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីបណ្ដាប្រទេសដែលនិយមតាមដានទស្សនាខ្សែភាពយន្តភាគបុរាណចិន ជាពិសេសគឺក្នុងប្រទេសកម្ពុជាយើងផ្ទាល់តែម្ដង។