ជា​មួយ​លទ្ធផល​ដ៏​គួរ​ឲ្យ​រីករាយ​ក្នុង​ការ​ក្លាយ​ខ្លួន​ទៅ​ជា​ម្ចាស់​ ជយលាភី TOP REPUTATION សម្រាប់​ការ​ប្រកួត​ប្រជែង​នៅ​ក្នុង​នគរ​ឧត្តុង្គ​នៃ​សេវាកម្ម​កម្សាន្ត​ និស្ស័យ​ស្នេហ៍​ដាវ​ទេព (JXII) លោក ប៊ុន ហេង បាន​ប្រាប់​ពី​គន្លឹះ​ជោគជ័យ​មួយ​ចំនួន ដែល​នាំ​រុញ​ច្រាន​ឲ្យ​លោក​ក្លាយ​ខ្លួន​ទៅ​ជា​ម្ចាស់​ជយលាភី​ក្នុង​ការ​ ប្រកួត​ប្រជែង​ស្វែង​រក​អ្នក​មាន​សមត្ថភាព​លើស​គេ​នៅ​ក្នុង​នគរ​ឧត្តុង្គ​នា ​ពេល​កន្លង​ទៅ។ តើ​ចំណុច​អាថ៌កំបាំង​ណា​ខ្លះ​ដែល​ឈរ​ពី​ក្រោយ​ជោគជ័យ​របស់​លោក?

ទាក់​ទិន​ទៅ​នឹង​សំនួរ​នេះ ម្ចាស់ Hero Pcgameservice ជា​អ្នក​មាន​កេរ្តិ៍​ឈ្មោះ​ល្បីល្បាញ​ជាង​គេ​នៅ​នគរ​ឧត្ដុង្គ លោក​ ប៊ុន ហេង បក​ស្រាយ​ថា ចំណុច​គន្លឹះ​ដ៏​សំខាន់​នៃ​ជោគជ័យ​នោះ​គឺ​ការ​សិក្សា​ស្វែង​យល់​លើ Event ​ឲ្យ​បាន​ច្បាស់​លាស់។

លោក​បញ្ជាក់​ថា ជាធម្មតា Event​ថ្មីៗ​តែង​មាន​ភាព​ពិបាក​ស្មុគស្មាញ​ចៀស​មិន​ផុត ដូច្នេះ​តម្រូវ​ឲ្យ​មាន​ការ​សិក្សា​លើ​ដំណើរការណ៍​របស់​វា​ជា​មុន​សិន ដើម្បី​ចាប់​ឲ្យ​បាន​ពី​ចំណុច​គន្លឹះ​ និង​ចំណុច​ខ្សោយ​របស់​វា​ទើប​ជា​ប្រការ​ប្រសើរ​បំផុត។ ម្យ៉ាង​វិញ​ទៀត ការ​ខិតខំ​ប្រឹងប្រែង​ដោយ​ខ្លួន​ឯង​ផ្ទាល់​ក៏​ជា​ចំណុច​ដ៏​សំខាន់​មួយ​ដែរ​ដើម្បី​ទទួល​បាន​ជោគជ័យ។

“ខ្ញុំ​តែង​តែ​ឆ្លៀត​ពេល​វេលា​ជា​រៀង​រាល់​ថ្ងៃ​ដោយ​ថ្ងៃ​ខ្លះ​ចំណាយ​ពេល​ពី ៤ ទៅ ៥​ម៉ោង​តាម​ពេលវេលា​ដែល​ទំនេរ ដើម្បី​ហ្វឹក​ហាត់​លេង​ឲ្យ​បាន​ស្ទាត់​ជំនាញ”។ លោក​បន្ថែម។

យ៉ាង​ណា​ក៏​ដោយ ម្ចាស់​ជយលាភី​រូប​នេះ​បញ្ជាក់​បន្ថែម​ទៀត​ថា ចំណេះដឹង​ផ្នែក​ភាសា​អង់គ្លេស និង​ការ​ចេះ​ប្រើប្រាស់​កុំព្យូទ័រ​បាន​ល្អ ក៏​ជា​កត្តា​ដ៏​ចាំ​បាច់​មួយ​មិន​អាច​ខ្វះ​បាន​នោះ​ដែរ។

“ពិបាក​ណាស់​បើ​អត់​ចេះ​អង់គ្លេស ព្រោះ​គ្រប់​ជំហាន​ក្នុង​ការ​លេង​សុទ្ធ​តែ​ណែនាំ​ជា​ភាសា​អង់គ្លេស​ទាំង​អស់”។

ក្រៅ​ពី​ចំណុច​ដែល​បាន​រៀបរាប់​ខាង​លើ​នេះ​លោក​ក៏​បាន​លើក​ឡើង​ទៀត​ថា បទ​ពិសោធន៍​ក៏​ជា​កត្តា​ដ៏​សំខាន់​មួយ​ដែរ។ អះអាង​ថា លោក​បាន​ចូលរួម​លេង​សេវាកម្ម​កម្សាន្ត​ដទៃ​ទៀត​ជា​ច្រើន​របស់ Sabay តាំង​ពី​ក្រុមហ៊ុន​នេះ​បើក​ដំណើរការណ៍​ដំបូង​អស់​រយៈ​ពេល​ជាង ៣ ឆ្នាំ​មក​នេះ។

ជាមួយ​បទ​ពិសោធន៍​ដ៏​យូរ​ឆ្នាំ​បែប​នេះ​ ក៏​បាន​រួម​ចំណែក​មួយ​ភាគ​ធំ​ក្នុង​ការ​បង្ហាញ​ផ្លូវ​សម្រាប់​លោក​ឈាន​ទៅ​រក​ជោគជ័យ​នោះ​ដែរ។ ធាតុ​ផ្សំ​ទាំង​នេះ សុទ្ធ​តែ​ជា​ថ្នាំ​ទិព អាច​ជម្រុញ​ឲ្យ​សមត្ថភាព​របស់​លោក​ទាំង​ចំនេះដឹង​ផ្នែក​ភាសា ការ​ប្រើប្រាស់​កុំព្យូទ័រ និង​លទ្ធភាព​កំណត់​​ចំនុច​ខ្សោយ​របស់​ការ​កម្សាន្ត​អនឡាញ​មាន​ការ​រីកចម្រើន ដូច​សព្វថ្ងៃ។ ម្យ៉ាង​ទៀត​ហេង នៅ​តែ​បន្ត​ស្វែង​រក​អ្វី​ដែល​ថ្មី ដើម្បី​ទាញ​យក​ប្រយោជន៍​ពី​បច្ចេកវិទ្យា​នា​យុគសម័យ​ថ្មី ក្នុង​គោលបំណង​បំពាក់បំប៉ន​សមត្ថភាព​របស់​គេ​ឲ្យ​កាន់​តែ​គាប់​ប្រសើរ​ឡើង៕

អត្ថបទ៖ ប៊ុណ្ណារ៉ា