នៅក្នុងសេវាកម្សាន្តនិស្ស័យស្នេហ៌ដាវទេព មាន៧បក្សសម្រាប់អ្នកកម្សាន្តជ្រើសរើស ដើម្បីក្លាយជាតួអង្គមួយរូប ហើយដើរផ្សងព្រេងនៅក្នុងពិភពគុន ដោយនៅក្នុងនោះក៏មានបក្សស្មូមផងដែរសម្រាប់ជាជម្រើសដល់អ្នកកម្សាន្តទាំងអស់គ្នា។ នៅទំព័រនេះ Sabay សូមលើកយកប្រវត្តិបក្សស្មូម (Beggar Sect) មកបង្ហាញមិត្តយុវវ័យទាំងអស់គ្នា ថាតើហេតុអ្វីបានជាមានបក្សស្មូមនេះ។
បក្សស្មូមជាបក្សមួយដែលមានកិត្តិនាមល្បីល្បាញនៅក្នុងពិភពគុន ហើយក៏ជាបក្សមួយប្រកាន់វិន័យរបស់បក្សបានយ៉ាងខ្ជាប់ខ្ជួនផងដែរ។ ចំពោះក្បាច់គុននៃបក្សនេះ មាន ២ ជំនាញ គឺក្បាច់បាតដៃរន្ទះបង្គ្រាបនាគរាជទាំង ១៨ និងដំបងវាយឆ្កែ ហើយមានតែមេបក្សម្នាក់គត់ដែលចេះដឹងជ្រៅជ្រះជាងគេ។ ក្បាច់គុននេះចេះតាមរយៈការបន្តវេនពីមេបក្សមុនៗ បានផ្ទេរមកឲ្យមេបក្សជំនាន់ក្រោយ។
ក្នុងអំឡុងពេលដែលប្រទេសចិនបានក្លាយជាចក្រភពដ៏ធំមួយនោះ សង្គ្រាមបានកើតឡើងផងដែរ ហើយចំណែកឯប្រជាជនសាមញ្ញគឺជាអ្នករងគ្រោះ និងទទួលនូវភាពឈឺចាប់គ្រប់បែបយ៉ាង រហូតដល់អ្នកខ្លះបានក្លាយជាអ្នកសុំទាន។ អ្នកសុំទាននៅសម័យនោះ ត្រូវបានគេមើលងាយយ៉ាងខ្លាំង បន្ទាប់មកមានអ្នកគុននិយមមួយរូបបានប្រមូលគ្នា ជាបក្សមួយ ដើម្បីនាំគ្នាក្រោកឈរឡើងដើម្បីកិត្តិសព្ទ និងវីរៈភាពរបស់ខ្លួន ដោយរួមមានទាំងក្បាច់គុន ដ៏ខ្លាំងក្លាផងដែរ។
ជាបន្តបន្ទាប់មកបក្សស្មូមបាននាំសេចក្ដីសង្ឃឹមដល់សមាជិករបស់ខ្លួន រហូតទទួលបានភាពជោគជ័យនៃបក្ស ដោយស្ដែងចេញពីភាពសាមគ្គីគ្នា និងសច្ចៈធម៌ នៅក្នុងពិភពគុនដែលប្រកបដោយក្បាច់គុនដ៏ខ្លាំងពូកែ។
បក្សស្មូមកើតចេញពីអ្នកសុំទាន ដែលជាអ្នករងគ្រោះពីឥទ្ធិពលសង្គ្រាមនៅសម័យ ដ៏យូរលង់មួយ ហើយដើម្បីកែប្រែគំនិតមើលងាយទៅលើអ្នកសុំទាន ក្រុមអ្នកសុំទានមួយក្រុមបាននាំគ្នា ប្រមូលគ្នាបង្កើតបក្សនេះឡើង ។