ទោះបីជាចតុមុខជានគរថ្មី ដែលទើបតែបើកបានរយៈពេលប្រមាណ១០ថ្ងៃ ប៉ុន្តែប្រជាប្រិយភាពរបស់នគរនេះមិនចាញ់នគរចាស់ៗឡើយ ដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាកប្រិយមិត្តចាស់ៗ រួមទាំងប្រិយមិត្តថ្មីៗផងដែរ។
ជាមួយនឹងការមានប្រជាប្រិយភាពខ្លាំងនេះ នគរចតុមុខបានធ្វើឲ្យប្រិយមិត្តទទួលបានភាពសប្បាយរីករាយយ៉ាងខ្លាំងពីការស្គាល់មិត្តភ័ក្ដិថ្មីៗ ក៏ដូចជាការជជែកកម្សាន្តអនឡាញផងដែរ។ ប៉ុន្តែ ទន្ទឹមនឹងការទទួលបានការគាំទ្រយ៉ាងច្រើននេះ វាក៏ជាបញ្ហាមួយក្នុងការបំពេញបេសកកម្ម និងការហោះហើរឆ្លងក្រុងផងដែរ។
យុវជន តារារ័ត្ន កំពុងបញ្ជាតួអង្គបក្សអ៊ូតាំងជំនាញខាងប្រើជក់ ដែលមានកម្រិត Level 59 បានប្រាប់ Sabay ឲ្យបានដឹងថា “ពេលលេងនៅនគរថ្មីនេះ មានអារម្មណ៍ថាសប្បាយណាស់បង ព្រោះមានអ្នកលេងច្រើន ហើយបានធ្វើឲ្យខ្ញុំស្គាល់មិត្តភ័ក្ដិថ្មីៗជាច្រើន ប៉ុន្តែពិបាកក្នុងការបំពេញបេសកកម្មតិចបង”។
មិនសូវខុសពី តារារ័ត្ន យុវជន សីហា បានបន្ថែមថា ចំពោះនគរថ្មីនេះ មានអារម្មណ៍ថាសប្បាយជាងនគរចាស់ៗ ព្រោះមានអ្នកលេងច្រើនគួរឲ្យកត់សម្គាល់ ដែលធ្វើឲ្យគេគិតថា ងាយស្រួលរកដៃគូប្រយុទ្ធនៅក្នុងសង្គ្រាមផ្សេងៗ។ ទន្ទឹមនឹងនេះ ម្ចាស់តួអង្គគ្រួសារត្រកូលយ៉ាង ជំនាញកាន់លំពែងរូបនេះ បានត្អូញប្រាប់ Sabay ផងដែរថា “ខ្ញុំមិនសូវបានធ្វើ Quest ទេ ព្រោះមនុស្សច្រើនពេកនៅចាំនៅកន្លែង Quest នោះ”។
ស្រដៀងគ្នានេះដែរ បងប្រុស ពៅ គម្ពីរ៉ា បានពន្យល់ថា “នៅពេលដែលមានមនុស្សលេងច្រើនពេកចឹងទៅ វាធ្វើឲ្យពិបាកបំពេញបេសកកម្មណាស់ ជាពិសេសគឺបេសកកម្មដែលតម្រូវឲ្យសម្លាប់មេបិសាចដែលមានតែមួយ ព្រោះមានអ្នកលេងជាច្រើនបានទៅចាំ”។ បុគ្គលិកក្រុមហ៊ុនឯកជនមួយនៅក្រុងតាខ្មៅរូបនេះបានបញ្ជាក់ទៀតថា មេបិសាចដែលជា Quest Item តែងតែស្លាប់ភ្លាមៗនៅពេលដែលកើត ដូច្នេះត្រូវចំណាយពេលយូរក្នុងការបំពេញបេសកកម្មនោះ។
ផ្ទុយពីមតិខាងលើ យុវជន ធារ៉ា ម្ចាស់តួអង្គបក្សសៅលីង ជំនាញប្រើកណ្ដាប់ដៃ បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា “ចំពោះនគរថ្មីនេះ ដូចជាអត់មានអ្វីសប្បាយជាងនគរមុនៗផង ព្រោះអ្វីៗសុទ្ធតែនៅដដែលនឹង ទាំង Item ឬផែនទី”។ ប៉ុន្តែអ្វីដែលធ្វើឲ្យនិស្សិតសាលាភូមិន្ទវិចិត្រសិល្បៈរូបនេះចង់កម្សាន្តនៅនគរថ្មី ព្រោះថានៅនគរចតុមុខមានអ្នកលេងច្រើន ដែលអាចធ្វើឲ្យគេបញ្ចេញស្នាដៃឲ្យគេឃើញច្រើន។ និស្សិតជំនាញស្ថាបត្យកម្មរូបនេះបានត្អូញបន្ថែមថា ពេលខ្លះ Log in មិនចូលទេ ហើយមានពេលខ្លះទៀត log in ចូលហើយ ប៉ុន្តែត្រូវ Disconnect ទៅវិញនៅពេលដែលហោះហើរឆ្លងក្រុង។
ចុះប្រិយមិត្តផ្សេងទៀតគិតយ៉ាងណាដែរចំពោះនគរថ្មីនេះ?
អត្ថបទ៖ ភីឆាយ