នៅក្នុងបក្សសម្ព័ន្ធថាងមាននារីវ៏យក្មេងម្នាក់មានឈ្មោះថាTang Nong Yue។ នាងមានវិជ្ជាគុណខ្ពង់ខ្ពស់ និង មានសម្រស់ស្រស់ស្អាតលើសនារីដទៃ។ នៅពេលដែលនាងមានអាយុ១៥ឆ្នាំ នាងបានចាកចេញពីបក្សលើកដំបូងដើម្បីផ្សងព្រេងក្នុងពិភពគុណ។ បន្ទាប់ពីរយៈពេល៣ឆ្នាំដែលនាងចាកចេញ នាងបានត្រលប់មកវិញ ហើយរឿងរ៉ាវក៏បានចាប់ផ្តើម។
ដំបូងឡើយ Tang Nong Yueបានស្រលាញ់បុរសម្នាក់ ប៉ុន្តែដោយសារច្បាប់របស់បក្សពីបុរាណមកគឺមិនអនុញាតិសិស្សក្នុងបក្សឲ្យរៀបការជាមួយមនុស្សប្រុសស្រីដែលមិនមែនជាសមាជិករបស់បក្ស ដូច្នេះហើយទើបម្ចាស់សម្ព័ន្ធមិនអនុញាតិ។ ដោយសារសេចក្តីស្រលាញ់ដ៏លើសលប់របស់នាង នាងបានស្វែងរកគ្រប់វិធីដើម្បីបានទៅជួបមនុស្សជាទីស្រលាញ់ ប៉ុន្តែមិនបានសម្រេចទាល់តែសោះ។
ដោយម្ចាស់សម្ព័ន្ធនឹកអាណិតនាងក៏បានឲ្យឱកាសនាងមួយដោយរៀបចំឲ្យនាងទៅសម្លាប់មេបិសាចដ៏សាហាវ ហើយមិនអនុញាតិឲ្យនាងប្រើក្បាច់គុណរបស់បក្សថាងឡើយ។ ការដែលម្ចាស់សម្ព័ន្ធធ្វើដូច្នោះក៏ដើម្បីឲ្យនាងជួបការលំបាកហើយប្តូរចិត្ត។ រាល់ការព្យាយាមរបស់នាងបានបញ្ចប់ទៅវិញដោយភាពបរាជ័យ ម្តងហើយម្តងទៀត។ អស់រយៈពេល៦ខែ អ្វីៗខុសពីការគិតរបស់ម្ចាស់សម្ព័ន្ធ នាងមិនត្រឹមតែមិនប្តូរចិត្ត ផ្ទុយទៅវិញនាងថែមទាំងអាចយកឈ្នះមេបិសាចកំណាចបានដោយប្រើកាំបិតស្នៀត និង ក្បាច់គុណដែលនាងបានបង្កើតដោយខ្លួនឯង។
បន្ទាប់ពីយកឈ្នះមេបិសាចកំណាច Tang Nong Yueបានលាម្ចាស់សម្ព័ន្ធ ហើយនាងក៏បានចាកចេញផុតទៅ។ ៧ថ្ងៃបន្ទាប់ Tang Nong Yueបានត្រលប់មកបក្សថាងវិញជាមួយនឹងក្បាលរបស់មនុស្សជាទីស្រលាញ់របស់នាង។ ទាំងសេចក្តីទុក្ខ នាងបានប្រាប់ម្ចាស់សម្ព័ន្ធ ក្នុងរយៈពេល៦ខែដែលមិនបានជួបគ្នា មនុស្សប្រុសដែលនាងស្រលាញ់បានប្តូរចិត្តទៅស្រលាញ់នារីផ្សេង។ ដោយសេចក្តីអាណិត ម្ចាស់សម្ព័ន្ធក៏បានឲ្យនាងត្រលប់ចូលបក្សវិញ។ ចាប់តាំងពីពេលនោះមក នាងមិនបានខ្វល់អំពីរឿងស្នេហាប្រុសស្រីទៀតឡើយ នាងយកចិត្តទុកដាក់តែលើការហាត់វិជ្ជាគុណ និង បង្ហាត់បង្រៀនកូនសិស្សជំនាន់ក្រោយឲ្យចេះក្បាច់កាំបិតស្នៀតដែលនាងបង្កើតខ្លួនឯង ដែលអាចសម្លាប់មនុស្សបានរហ័ស និង សាហាវជាទីបំផុត។ ដូច្នេះហើយទើបបក្សសម្ព័ន្ធថាងបង្កើតបានសាខាកាំបិតស្នៀត៕