បក្សឃុនលុន គឺជាបក្សសុចរិត យកការកម្ចាត់ព្រាយបិសាច សត្វកំណាច ក៏ដូចជាបង្ក្រាបភាពចលាចលក្នុងពិភពគុនស្វែងរកសន្តិភាពជូនប្រជាជន ដែលមានអាយុកាលចាស់វស្សាក្នុងពិភពគុន ហើយធ្លាប់បានកម្ចាត់បក្សទុច្ចរិតជាច្រើន ដែលធ្វើឲ្យបក្សឃុនលុនមានឈ្មោះបោះសម្លេងល្បីគ្រប់ទិសទីមកដល់ សព្វថ្ងៃនេះ។
បក្សឃុនលុន មានទីតាំងនៅលើភ្នំឃុនលុន ដែលជាតំបន់ដាច់ស្រយាលភាគខាងលិចនៃភូមិភាគកណ្ដាល។ ដោយសារតែបក្សនេះមានចម្ងាយឆ្ងាយពីតំបន់ប្រជុំជនផ្សេងៗ ក៏ដូចជាបក្សដទៃ បានធ្វើឲ្យមនុស្សភូមិភាគកណ្ដាល និងអ្នកគុននិយមប្រចាំបក្សសុចរិតផ្សេងៗទៀតបង្កើនការប្រុង ប្រយ័ត្នយ៉ាងខ្លាំងពេលជួបអ្នកគុននិយមបក្សឃុនលុននៅភូមិភាគកណ្ដាល ម្ដងៗ ព្រោះគ្មានអ្នកណាម្នាក់ស្គាល់ច្បាស់ពីបក្សនេះឡើយ ទោះបីជាបក្សឃុនលុនធ្លាប់កម្ចាត់សមាជិកបក្សទុច្ចរិតជាច្រើនក៏ដោយ ហើយគ្មានបក្សណាហ៊ានចងសម្ព័ន្ធនឹងបក្សនេះឡើយ ដែលជាហេតុធ្វើឲ្យបក្សឃុនលុនមានភាពឯកោយ៉ាងខ្លាំង។
ទោះបីជាគ្មានសម្ព័ន្ធជាមួយបក្សដទៃ តែអ្នកក្លាហានបក្សឃុនលុននៅតែប្រកាន់ខ្ជាប់នូវអំពើសុចរិត បន្តតាំងសិល្ប៍ និងជួយជ្រោមជ្រែងឲ្យមានសន្តិភាព និងភាពយុត្តិធម៌ក្នុងសង្គមរស់នៅជានិច្ច ហើយទីណាដែលមានភាពចលាចល និងអយុត្តិធម៌កើតឡើង ទីនោះតែងតែមានមុខអ្នកគុននិយមបក្សឃុនលុនចេញមកបង្ក្រាបផងដែរ។
បក្សឃុនលុនប្រើប្រាស់ដាវជាអាវុធសំខាន់ប្រចាំបក្ស ហើយគ្រប់ស្នៀតនៃវិជ្ជាគុនបក្សនេះមើលពីក្រៅទៅទន់ភ្លន់ណាស់ តែធាតុពិតគឺរឹងដូចដែក ដែលអាចបំបែកវិជ្ជាគុនបក្សផ្សេងៗគ្រប់ពេល។ សមាជិកបក្សឃុនលុនសុទ្ធតែបានភ្ជាប់វិញ្ញាណជាមួយធម្មជាតិ ដោយពួកគេអាចបញ្ជាដាវហៅខ្យល់ ដើម្បីការពារខ្លួន និងបញ្ជារន្ទះដើម្បីវាយប្រហារសត្រូវផងដែរ។