ជាមួយលទ្ធផលដ៏គួរឲ្យរីករាយក្នុងការក្លាយខ្លួនទៅជាម្ចាស់ ជយលាភី TOP REPUTATION សម្រាប់ការប្រកួតប្រជែងនៅក្នុងនគរឧត្តុង្គនៃសេវាកម្មកម្សាន្ត និស្ស័យស្នេហ៍ដាវទេព (JXII) លោក ប៊ុន ហេង បានប្រាប់ពីគន្លឹះជោគជ័យមួយចំនួន ដែលនាំរុញច្រានឲ្យលោកក្លាយខ្លួនទៅជាម្ចាស់ជយលាភីក្នុងការ ប្រកួតប្រជែងស្វែងរកអ្នកមានសមត្ថភាពលើសគេនៅក្នុងនគរឧត្តុង្គនា ពេលកន្លងទៅ។ តើចំណុចអាថ៌កំបាំងណាខ្លះដែលឈរពីក្រោយជោគជ័យរបស់លោក?
ទាក់ទិនទៅនឹងសំនួរនេះ ម្ចាស់ Hero Pcgameservice ជាអ្នកមានកេរ្តិ៍ឈ្មោះល្បីល្បាញជាងគេនៅនគរឧត្ដុង្គ លោក ប៊ុន ហេង បកស្រាយថា ចំណុចគន្លឹះដ៏សំខាន់នៃជោគជ័យនោះគឺការសិក្សាស្វែងយល់លើ Event ឲ្យបានច្បាស់លាស់។
លោកបញ្ជាក់ថា ជាធម្មតា Eventថ្មីៗតែងមានភាពពិបាកស្មុគស្មាញចៀសមិនផុត ដូច្នេះតម្រូវឲ្យមានការសិក្សាលើដំណើរការណ៍របស់វាជាមុនសិន ដើម្បីចាប់ឲ្យបានពីចំណុចគន្លឹះ និងចំណុចខ្សោយរបស់វាទើបជាប្រការប្រសើរបំផុត។ ម្យ៉ាងវិញទៀត ការខិតខំប្រឹងប្រែងដោយខ្លួនឯងផ្ទាល់ក៏ជាចំណុចដ៏សំខាន់មួយដែរដើម្បីទទួលបានជោគជ័យ។
“ខ្ញុំតែងតែឆ្លៀតពេលវេលាជារៀងរាល់ថ្ងៃដោយថ្ងៃខ្លះចំណាយពេលពី ៤ ទៅ ៥ម៉ោងតាមពេលវេលាដែលទំនេរ ដើម្បីហ្វឹកហាត់លេងឲ្យបានស្ទាត់ជំនាញ”។ លោកបន្ថែម។
យ៉ាងណាក៏ដោយ ម្ចាស់ជយលាភីរូបនេះបញ្ជាក់បន្ថែមទៀតថា ចំណេះដឹងផ្នែកភាសាអង់គ្លេស និងការចេះប្រើប្រាស់កុំព្យូទ័របានល្អ ក៏ជាកត្តាដ៏ចាំបាច់មួយមិនអាចខ្វះបាននោះដែរ។
“ពិបាកណាស់បើអត់ចេះអង់គ្លេស ព្រោះគ្រប់ជំហានក្នុងការលេងសុទ្ធតែណែនាំជាភាសាអង់គ្លេសទាំងអស់”។
ក្រៅពីចំណុចដែលបានរៀបរាប់ខាងលើនេះលោកក៏បានលើកឡើងទៀតថា បទពិសោធន៍ក៏ជាកត្តាដ៏សំខាន់មួយដែរ។ អះអាងថា លោកបានចូលរួមលេងសេវាកម្មកម្សាន្តដទៃទៀតជាច្រើនរបស់ Sabay តាំងពីក្រុមហ៊ុននេះបើកដំណើរការណ៍ដំបូងអស់រយៈពេលជាង ៣ ឆ្នាំមកនេះ។
ជាមួយបទពិសោធន៍ដ៏យូរឆ្នាំបែបនេះ ក៏បានរួមចំណែកមួយភាគធំក្នុងការបង្ហាញផ្លូវសម្រាប់លោកឈានទៅរកជោគជ័យនោះដែរ។ ធាតុផ្សំទាំងនេះ សុទ្ធតែជាថ្នាំទិព អាចជម្រុញឲ្យសមត្ថភាពរបស់លោកទាំងចំនេះដឹងផ្នែកភាសា ការប្រើប្រាស់កុំព្យូទ័រ និងលទ្ធភាពកំណត់ចំនុចខ្សោយរបស់ការកម្សាន្តអនឡាញមានការរីកចម្រើន ដូចសព្វថ្ងៃ។ ម្យ៉ាងទៀតហេង នៅតែបន្តស្វែងរកអ្វីដែលថ្មី ដើម្បីទាញយកប្រយោជន៍ពីបច្ចេកវិទ្យានាយុគសម័យថ្មី ក្នុងគោលបំណងបំពាក់បំប៉នសមត្ថភាពរបស់គេឲ្យកាន់តែគាប់ប្រសើរឡើង៕
អត្ថបទ៖ ប៊ុណ្ណារ៉ា