បក្ស​ឃុនលុន គឺជា​បក្ស​សុចរិត យក​ការ​កម្ចាត់​ព្រាយ​បិសាច សត្វ​កំណាច ក៏​ដូចជា​បង្ក្រាប​ភាព​ចលាចល​ក្នុង​ពិភព​គុន​ស្វែងរក​សន្តិភាព​ជូន​ប្រជាជន ដែល​មាន​អាយុកាល​ចាស់​វស្សា​ក្នុង​ពិភព​គុន ហើយ​ធ្លាប់​បាន​កម្ចាត់​បក្ស​ទុច្ចរិត​ជាច្រើន ដែល​ធ្វើ​ឲ្យ​បក្ស​ឃុនលុន​មានឈ្មោះបោះសម្លេង​ល្បី​គ្រប់​ទិសទី​មក​ដល់​ សព្វថ្ងៃ​នេះ។

បក្ស​ឃុនលុន មាន​ទីតាំង​នៅ​លើ​ភ្នំ​ឃុនលុន ដែល​ជា​តំបន់​ដាច់​ស្រយាល​ភាគ​ខាង​លិច​នៃ​ភូមិភាគ​កណ្ដាល។ ដោយសារ​តែ​បក្ស​នេះ​មាន​ចម្ងាយ​ឆ្ងាយ​ពី​តំបន់​ប្រជុំ​ជន​ផ្សេងៗ​ ក៏​ដូចជា​បក្ស​ដទៃ បាន​ធ្វើ​ឲ្យ​មនុស្ស​ភូមិភាគ​កណ្ដាល និង​អ្នក​គុន​និយម​ប្រចាំ​បក្ស​សុចរិត​ផ្សេងៗ​ទៀត​បង្កើន​ការ​ប្រុង​ ប្រយ័ត្ន​យ៉ាង​ខ្លាំង​ពេល​ជួប​អ្នក​គុន​និយម​បក្ស​ឃុនលុន​នៅ​ភូមិភាគ​កណ្ដាល ​ម្ដងៗ ព្រោះ​គ្មាន​អ្នក​ណា​ម្នាក់​ស្គាល់​ច្បាស់​ពី​បក្ស​នេះ​ឡើយ ទោះបីជា​បក្ស​ឃុនលុន​ធ្លាប់​កម្ចាត់​សមាជិក​បក្ស​ទុច្ចរិត​ជាច្រើន​ក៏​ដោយ ហើយ​គ្មាន​បក្ស​ណា​ហ៊ាន​ចង​សម្ព័ន្ធ​នឹង​បក្ស​នេះ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បក្ស​ឃុនលុន​មាន​ភាព​ឯកោ​យ៉ាង​ខ្លាំង។

ទោះបីជា​គ្មាន​សម្ព័ន្ធ​ជាមួយ​បក្ស​ដទៃ តែ​អ្នក​ក្លាហាន​បក្ស​ឃុនលុន​នៅ​តែ​ប្រកាន់ខ្ជាប់​នូវ​អំពើ​សុចរិត បន្ត​តាំង​សិល្ប៍ និង​ជួយ​ជ្រោមជ្រែង​ឲ្យ​មាន​សន្តិភាព និង​ភាព​យុត្តិធម៌​ក្នុង​សង្គម​រស់នៅ​ជានិច្ច ហើយ​ទីណា​ដែល​មាន​ភាព​ចលាចល និង​អយុត្តិធម៌​កើតឡើង ទីនោះ​តែងតែ​មាន​មុខ​អ្នក​គុន​និយម​បក្ស​ឃុនលុន​ចេញ​មក​បង្ក្រាប​ផង​ដែរ។

បក្ស​ឃុន​លុន​ប្រើប្រាស់​ដាវ​ជា​អាវុធ​សំខាន់​ប្រចាំ​បក្ស ហើយ​គ្រប់​ស្នៀត​នៃ​វិជ្ជា​គុន​បក្ស​នេះ​មើល​ពី​ក្រៅ​ទៅ​ទន់ភ្លន់​ណាស់ តែ​ធាតុ​ពិត​គឺ​រឹង​ដូច​ដែក ដែល​អាច​បំបែក​វិជ្ជា​គុន​បក្ស​ផ្សេងៗ​គ្រប់​ពេល។ សមាជិក​បក្ស​ឃុនលុន​សុទ្ធ​តែ​បាន​ភ្ជាប់​វិញ្ញាណ​ជាមួយ​ធម្មជាតិ ដោយ​ពួក​គេ​អាច​បញ្ជា​ដាវ​ហៅ​ខ្យល់ ដើម្បី​ការពារ​ខ្លួន និង​បញ្ជា​រន្ទះ​ដើម្បី​វាយ​ប្រហារ​សត្រូវ​ផង​ដែរ។