អ្វី​ដែល​ប្រិយមិត្ត​អ្នក​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព JX បាន​ទន្ទឹង​រង់ចាំ​អស់​រយៈពេល​យ៉ាង​យូរ​រហូត​ដល់​រយៈពេល​ជិត ៧ ឆ្នាំ ទីបំផុត​បាន​ចាប់ផ្ដើម​លេច​ដំណឹង​ជា​ផ្លូវការ​ហើយ​ថា បក្ស​ឃុន​លុន នឹង​បង្ហាញ​វត្តមាន​ក្នុង​សេវា​កម្សាន្ត​​មួយ​នេះ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ។

យោង​ទៅ​តាម​ក្រុម​ការងារ​របស់​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៍​ដាវ​ទេព បាន​បង្ហើប​ឲ្យ​ដឹង​ថា ការ​ដាក់​បញ្ចូល​បន្ថែម​បក្ស​ឃុនលុន​ទៅ​ក្នុង​សេវា​កម្សាន្ត JX នេះ គឺ​ធ្វើ​ឡើង​តាម​តម្រូវ​ការ​របស់​ប្រិយមិត្ត​អ្នក​កម្សាន្ត​ដែល​តែងតែ​ធ្វើ​ការ​សំណូមពរ​ឲ្យ​បង្កើត​បក្ស​ឃុន​លុន ក៏​ដូចជា​ដើម្បី​ផ្ដល់​នូវ​អ្វី​ថ្មី ហើយ​ប្លែក​ជូន​ដល់​ប្រិយមិត្ត​ឲ្យ​កាន់តែ​ទទួល​បាន​ភាព​សប្បាយ​រីករាយ​ថែម​មួយ​កម្រិត​ទៀត​ផង​ដែរ។

ចំពោះ​កាល​បរិច្ឆេទ​ពិត​ប្រាកដ ដែល​បក្ស​ឃុន​លុន​នឹង​បង្ហាញ​ខ្លួន​នៅ​ក្នុង​សេវា​កម្សាន្ត JX វិញ ក្រុម​ការងារ JX មិន​បាន​ប្រាប់​ច្បាស់​នៅ​ឡើយ​ទេ ដោយ​គ្រាន់តែ​បង្ហើប​ប្រាប់​ថា បក្ស​ឃុន​លុន​នឹង​លេច​វត្តមាន​ក្នុង​សេវា​កម្សាន្ត JX ក្នុង​ខែ​នេះ​ហើយ។

នេះ​គឺ​ជា​ឱកាស​ថ្មី​មួយ​ទៀត​សម្រាប់​អ្នក​កម្សាន្ត​គ្រប់​រូប​ទាំង​ជើងចាស់ និង​អ្នក​កម្សាន្ត​ថ្មី ក្នុង​ការ​ហ្វឹកហាត់​រៀន​យុទ្ធ​សិល្ប​របស់​ឃុន​លុន​ដំបូង​គេ រួច​បង្ហាញ​យុទ្ធ​សិល្ប​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ទាំងនោះ​នៅ​ក្នុង​សមរភូមិ​ប្រយុទ្ធ​ផ្សេងៗ ដើម្បី​ទទួល​បាន​ភាព​ល្បីល្បាញ រហូត​អាច​ក្លាយ​ជា​មេ​បក្ស​ឃុន​លុន​ក៏​ថា​បាន​ដែរ។

សេវា​កម្សាន្ត JX II គឺជា​សេវា​កម្សាន្ត​បែប MMORPG (Massive Multiplayers Online Role Playing Game) ដែល​តម្រូវ​ឲ្យ​តួអង្គ​ប្រយុទ្ធ​ធ្វើ​ដំណើរ​ត្រាច់ចរ​ផ្សងព្រេង​អនឡាញ​តាម​បែប​បុរាណ​ចិន ដែល​ប្រជុំ​ទៅ​ដោយ​បក្ស​ល្បីៗ​រួមមាន​បក្ស​អ៊ូតាំង បក្ស​សៅលីង និង​បក្ស​អឺម៉ី​ជាដើម ហើយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ដែល​និយម​តាមដាន​ទស្សនា​ខ្សែភាពយន្ត​ភាគ​បុរាណ​ចិន ជាពិសេស​គឺ​ក្នុង​ប្រទេស​កម្ពុជា​យើង​ផ្ទាល់​តែ​ម្ដង។