នៅ​ក្នុង​សេវា​កម្សាន្ត​និស្ស័យ​ស្នេហ៌​ដាវ​ទេព មាន​៧បក្ស​សម្រាប់​អ្នក​កម្សាន្ត​ជ្រើស​រើស​ ដើម្បី​ក្លាយ​ជា​តួអង្គ​មួយ​រូប​ ហើយ​ដើរ​ផ្សង​ព្រេង​នៅ​ក្នុង​ពិភព​គុន ដោយ​នៅ​ក្នុង​នោះ​ក៏​មាន​បក្ស​ស្មូម​ផង​ដែរ​សម្រាប់​ជា​ជម្រើស​ដល់​អ្នក​កម្សាន្ត​ទាំង​អស់​គ្នា។ នៅ​ទំព័រ​នេះ Sabay សូម​លើក​យក​ប្រវត្តិ​បក្ស​ស្មូម (Beggar Sect) មក​បង្ហាញ​មិត្ត​យុវវ័យ​ទាំង​អស់​គ្នា  ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​បក្ស​ស្មូម​​នេះ។

បក្ស​ស្មូម​ជា​បក្ស​មួយ​ដែល​មាន​កិត្តិនាម​ល្បីល្បាញ​នៅ​ក្នុង​ពិភព​គុន ហើយ​ក៏​ជា​បក្ស​មួយ​ប្រកាន់​វិន័យ​របស់​បក្ស​បាន​យ៉ាង​ខ្ជាប់ខ្ជួន​ផង​ដែរ។  ចំ​ពោះ​ក្បាច់​គុន​នៃ​បក្ស​នេះ មាន​ ២ ​ជំនាញ​ គឺក្បាច់​បាត​ដៃ​រន្ទះ​បង្គ្រាប​នាគរាជ​ទាំង​ ១៨ និង​ដំបង​វាយ​ឆ្កែ​ ហើយ​មាន​តែ​មេ​បក្ស​ម្នាក់​គត់​ដែល​ចេះ​ដឹង​ជ្រៅជ្រះ​ជាង​គេ។ ​ក្បាច់​គុន​នេះ​ចេះ​តាម​រយៈ​ការ​បន្ត​វេន​ពី​មេ​បក្ស​មុនៗ បាន​ផ្ទេរ​មក​ឲ្យ​មេ​បក្ស​ជំនាន់​ក្រោយ។

ក្នុង​អំឡុង​ពេល​ដែល​ប្រទេស​ចិន​បាន​ក្លាយ​ជា​ចក្រ​ភព​ដ៏​ធំ​មួយ​នោះ សង្គ្រាម​បាន​កើត​ឡើង​ផង​ដែរ​ ហើយ​ចំណែក​ឯ​ប្រជាជន​សាមញ្ញ​គឺ​ជា​អ្នក​រង​គ្រោះ និង​ទទួល​នូវ​ភាព​ឈឺ​ចាប់​គ្រប់​បែប​យ៉ាង រហូត​ដល់​អ្នក​ខ្លះ​បាន​ក្លាយ​ជា​អ្នក​សុំ​ទាន។ អ្នក​សុំ​ទាន​នៅ​សម័យ​នោះ ត្រូវ​បាន​គេ​មើល​ងាយ​យ៉ាង​ខ្លាំង​ បន្ទាប់​មក​មាន​អ្នក​គុន​និយម​មួយ​រូប​បាន​ប្រមូល​គ្នា​ ជា​បក្ស​មួយ ដើម្បី​នាំ​គ្នា​ក្រោក​ឈរ​ឡើង​ដើម្បី​កិត្តិសព្ទ និង​វីរៈភាព​របស់​ខ្លួន ដោយ​រួម​មាន​ទាំង​ក្បាច់​គុន ​ដ៏​ខ្លាំង​ក្លា​ផង​ដែរ។

ជា​បន្ត​បន្ទាប់​មក​បក្ស​ស្មូម​បាន​នាំ​សេចក្ដី​សង្ឃឹម​ដល់​សមាជិក​របស់​ខ្លួន រហូត​ទទួល​បាន​ភាព​ជោគជ័យ​នៃ​បក្ស​ ដោយ​ស្ដែង​ចេញ​ពី​ភាព​សាមគ្គី​គ្នា និង​សច្ចៈ​ធម៌ នៅ​ក្នុង​ពិភព​គុន​ដែល​ប្រកប​ដោយ​ក្បាច់​គុន​ដ៏​ខ្លាំង​ពូកែ។

បក្ស​ស្មូម​​​កើត​ចេញ​ពី​អ្នក​សុំ​ទាន​ ដែល​ជា​អ្នក​រង​គ្រោះ​ពី​ឥទ្ធិពល​សង្គ្រាម​នៅ​សម័យ​ ដ៏​យូរ​លង់​មួយ ហើយ​ដើម្បី​កែ​ប្រែ​គំនិត​មើលងាយ​ទៅ​លើ​អ្នក​សុំ​ទាន​ ក្រុម​អ្នក​សុំ​ទាន​មួយ​ក្រុម​បាន​នាំ​គ្នា​ ប្រមូល​គ្នា​បង្កើត​បក្ស​នេះ​ឡើង ។