ទោះបីជា​ចតុមុខ​ជា​នគរ​ថ្មី ដែល​ទើបតែ​បើក​បាន​រយៈពេល​ប្រមាណ១០ថ្ងៃ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​នគរ​នេះ​មិនចាញ់​នគរ​ចាស់ៗ​ឡើយ ដោយ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក​ប្រិយមិត្ត​ចាស់ៗ រួម​ទាំង​ប្រិយមិត្ត​ថ្មីៗ​ផង​ដែរ។

 

ជាមួយ​នឹង​ការ​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​នេះ នគរ​ចតុមុខ​បាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ទទួល​បាន​ភាព​សប្បាយ​រីករាយ​យ៉ាងខ្លាំង​ពី​ការ​ស្គាល់​មិត្តភ័ក្ដិ​ថ្មីៗ ក៏ដូចជា​ការ​ជជែក​កម្សាន្ត​អនឡាញ​ផង​ដែរ។ ប៉ុន្តែ ទន្ទឹម​នឹង​ការ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ច្រើន​នេះ វា​ក៏​ជា​បញ្ហា​មួយ​ក្នុង​ការ​បំពេញ​បេសកកម្ម និង​ការ​ហោះហើរ​ឆ្លង​ក្រុង​ផង​ដែរ។

 

យុវជន តារារ័ត្ន កំពុង​បញ្ជា​តួអង្គ​បក្ស​អ៊ូ​តាំង​ជំនាញ​ខាង​ប្រើ​ជក់ ដែល​មាន​កម្រិត Level 59 បាន​ប្រាប់ Sabay ឲ្យ​បាន​ដឹង​ថា “ពេល​លេង​នៅ​នគរ​ថ្មី​នេះ មាន​អារម្មណ៍​ថា​សប្បាយ​ណាស់​បង ព្រោះ​មាន​អ្នក​លេង​ច្រើន ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​ស្គាល់​មិត្តភ័ក្ដិ​ថ្មីៗ​ជាច្រើន ប៉ុន្តែ​ពិបាក​ក្នុង​ការ​បំពេញ​បេសកកម្ម​តិច​បង”។

 

មិន​សូវ​ខុស​ពី តារារ័ត្ន យុវជន សីហា បាន​បន្ថែម​ថា ចំពោះ​នគរ​ថ្មី​នេះ មាន​អារម្មណ៍​ថា​សប្បាយ​ជាង​នគរ​ចាស់ៗ ព្រោះ​មាន​អ្នក​លេង​ច្រើន​គួរ​ឲ្យ​កត់​សម្គាល់ ដែល​ធ្វើ​ឲ្យ​គេ​គិត​ថា ងាយស្រួល​រក​ដៃគូ​ប្រយុទ្ធ​នៅ​ក្នុង​សង្គ្រាម​ផ្សេងៗ។ ទន្ទឹម​នឹង​នេះ ម្ចាស់​តួអង្គ​គ្រួសារ​ត្រកូល​យ៉ាង ជំនាញ​កាន់​លំពែង​រូប​នេះ បាន​ត្អូញ​ប្រាប់ Sabay ផង​ដែរ​ថា “ខ្ញុំ​មិន​សូវ​បាន​ធ្វើ Quest ទេ ព្រោះ​មនុស្ស​ច្រើន​ពេក​នៅ​ចាំ​នៅ​កន្លែង Quest នោះ”។

 

ស្រដៀង​គ្នា​នេះ​ដែរ បងប្រុស ពៅ គម្ពីរ៉ា បាន​ពន្យល់​ថា “នៅ​ពេល​ដែល​មាន​មនុស្ស​លេង​ច្រើន​ពេក​ចឹង​ទៅ វា​ធ្វើ​ឲ្យ​ពិបាក​បំពេញ​បេសកកម្ម​ណាស់ ជាពិសេស​គឺ​បេសកកម្ម​ដែល​តម្រូវ​ឲ្យ​សម្លាប់​មេ​បិសាច​ដែល​មាន​តែមួយ ព្រោះ​មាន​អ្នក​លេង​ជា​ច្រើន​បាន​ទៅ​ចាំ”។ បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ក្រុង​តាខ្មៅ​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា មេ​បិសាច​ដែល​ជា Quest Item តែងតែ​ស្លាប់​ភ្លាមៗ​នៅ​ពេល​ដែល​កើត ដូច្នេះ​ត្រូវ​ចំណាយ​ពេល​យូរ​ក្នុង​ការ​បំពេញ​បេសកកម្ម​នោះ។

 

ផ្ទុយពី​មតិ​ខាង​លើ យុវជន ធារ៉ា ម្ចាស់​តួអង្គ​បក្ស​សៅ​លីង​ ជំនាញ​ប្រើ​កណ្ដាប់​ដៃ បាន​បង្ហាញ​ពី​អារម្មណ៍​របស់​ខ្លួន​ថា “ចំពោះ​នគរ​ថ្មី​នេះ ដូចជា​អត់​មាន​អ្វី​សប្បាយ​ជាង​នគរ​មុនៗ​ផង ព្រោះ​អ្វីៗ​សុទ្ធតែ​នៅ​ដដែល​នឹង ទាំង Item ឬ​ផែនទី”។ ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​និស្សិត​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​រូប​នេះ​ចង់​កម្សាន្ត​នៅ​នគរ​ថ្មី ព្រោះ​ថា​នៅ​នគរ​ចតុមុខ​មាន​អ្នក​លេង​ច្រើន ដែល​អាច​ធ្វើ​ឲ្យ​គេ​បញ្ចេញ​ស្នាដៃ​ឲ្យ​គេ​ឃើញ​ច្រើន។ និស្សិត​ជំនាញ​ស្ថាបត្យកម្ម​រូប​នេះ​បាន​ត្អូញ​បន្ថែម​ថា ពេល​ខ្លះ Log in មិន​ចូល​ទេ ហើយ​មាន​ពេល​ខ្លះ​ទៀត log in ចូល​ហើយ ប៉ុន្តែ​ត្រូវ Disconnect ទៅ​វិញ​នៅ​ពេល​ដែល​ហោះហើរ​ឆ្លង​ក្រុង។

 

ចុះ​ប្រិយមិត្ត​ផ្សេង​ទៀត​គិត​យ៉ាងណា​ដែរ​ចំពោះ​នគរ​ថ្មី​នេះ?

អត្ថបទ៖ ភីឆាយ